ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសង(បញ្ជល់មន់)នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានបើកលេងនិងប្រម៉ូលផ្ដុំអ្នកញៀនល្បែងឲ្យចូលទៅលេងគគ្រឹកគគ្រេង យ៉ាងអណាធិបតេយ្យ មិនញញើតនឹងអាជ្ញាធរមានសមត្ថកិច្ច…

(ភ្នំពេញ): បនល្បែងស៊ីសង(បញ្ជាក់មាន់)ទីតាំងក្នុងផ្ទះទុកចោល បាក់បែកគ្មានដំបូល នៅក្នុងដីមានព័តរបងជិត ជាប់ខាងក្រោយផ្ទះជួល ផ្លូវលេខ៣ ស្ថិតនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បានបើកលេងនិងប្រម៉ូលផ្ដុំអ្នកញៀនល្បែងឲ្យចូលទៅលេងគគ្រឹកគគ្រេង យ៉ាងអណាធិបតេយ្យ មិនញញើតនឹងអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានសូម្បីតែបន្តិច។

ប្រភពពីប្រជាពលរដ្ឋដែលបានចូលទៅលេងល្បែងនៅទីតាំងខាងលើបានបង្ហើបប្រាប់ឲ្យដឹងថា: ល្បែងស៊ីសងបញ្ជល់មាន់នៅក្នុងទីតាំងមួយនេះ គេបើកលេងជារៀងរាល់ថ្ងៃ។ ដោយឡែកថ្ងៃសៅរ៍និងថ្ងៃអាទិត្យ គឺជាថ្ងៃពិសេសមានជល់ជាច្រើនគូរ ពោលគឺមិនតិចជាង ២០គូរនោះទេ។ ដោយនៅក្នុងនោះមានមន្ត្រីថ្នាក់ខណ្ឌម្នាក់ ជាអ្នកជួយមើលខុសត្រូវផងដែរ ទើបបានជាគេនាំគ្នាលេងយ៉ាងសប្បាយអើងកង មិនញញើតនិងអាជ្ញាធរនៅក្នុងមូលដ្ឋានបែបនេះ ។

ប្រភពដដែលបន្តថា: ទីតាំងមួយនេះមានរបងជុំវិញ ដោយច្រកចូលតាមផ្ទះជួលដាក់ជណ្ដើរឡើងផ្លោះរបង រីឯច្រកចូលខាងក្រោយតាមកៀនរបងផ្ទះកាប់ជ្រូក ជាច្រកសម្រាប់គេចខ្លួនបើសិនពេលដែលមានកម្លាំងសមត្ថកិច្ចចូលទៅដល់។

ដូច្នេះហើយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមហាជនទូទៅ សុំស្នើដល់លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ជួយចាត់កម្លាំងជំនាញត្រួតពិនិត្យនិងស្រាវជ្រាវ ដើម្បីមានវិធានការទប់ស្កាត់ទីតាំងល្បែងស៊ីសងខាងលើមួយនេះផង ដើម្បីគោរពតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅទូទាំងប្រទេស ដោយគ្មានការលើកលែង។ និងដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង​៧ចំណុច​ របស់រាជរដ្ឋាភិបាលដែលដាក់​ចេញដោយក្រសួងមហាផ្ទៃ ។

👉សូមរំលឹកថា៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជា ឲ្យគណៈអភិបាលទាំង២៥ រាជធានី ខេត្ត . ដែលតម្រូវឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា៖ បើអាជ្ញាធរនិងសមត្ថកិច្ច ស្រុក ក្រុង ខេត្តណាដែលមិនហ៊ានទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕

nph

Leave a Reply

Your email address will not be published. Required fields are marked *