ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រ ជូនសិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី

(ភ្នំពេញ): នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុប ១,៧២៨នាក់ នារី ៦៨៤នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យពេលកន្លងមក។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា: គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ គឺនៅសល់រយៈពេលតែ៦០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងស្ថានភាពកូវីដ-១៩ ការសិក្សាអប់រំ បណ្តុះបណ្តាល ត្រូវបានធ្វើឡើងតាមរបត់ថ្មី ជាពិសេសតាមអនឡាញ។ ទោះជាបែបនេះក្តី ដំណើរការបណ្តុះបណ្តាលនៅតែបន្ត រហូតដល់កម្ពុជាអាចមានលទ្ធភាពបើកប្រទេសឡើងវិញ និងដំណើរការប្រក្រតីភាព។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរដល់វិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានប្រឹងប្រែងក្នុងការកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សវិជ្ជាជីវៈ និងនិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ។

ពាក់ព័ន្ធនឹងស្ថានភាពកូវីដ-១៩ សម្តេចតេជោបានមានប្រសាសន៍ថា: កម្ពុជាបានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋគ្រប់រូប ដែលពេលនោះយើងហៅថា ចាក់ស្រោចវ៉ាក់សាំង ហើយពេលនេះសម្តេចសូមហៅថា «មុជវ៉ាក់សាំង»តែម្តង ដែលធ្វើឱ្យកម្ពុជាមានលទ្ធផលបើកប្រទេសឡើងវិញ ដំណើរការសង្គម និងសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមគិតគូរប្រុងប្រយ័ត្នខ្ពស់បញ្ហាសុខភាព ខណៈដែលពិភពលោកកំពុងមានការប្រែប្រួលអាកាសធាតុ ដែលនាំអោយមានជំងឺច្រើន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា: កម្ពុជា បានឆ្លងកាត់វាល៣ ដែលជាទុក្ខលំបាក ក្នុងនោះមាន វាលទី១ គឺវាលសង្គ្រាម វាលទី២ គឺវាលអត់ឃ្លាន ដូចជាជំនាន់ ប៉ុល ពត ពលរដ្ឋស្លាប់ព្រោះអត់ឃ្លាន ប៉ុន្ដែកម្ពុជាបានឆ្លងផុតរួចហើយ ប៉ុន្ដែវាលទី៣ គឺជំងឺឆ្លង ដែលកម្ពុជាកំពុងហែលឆ្លង ពីព្រោះបញ្ហាជំងឺនេះ បានកើតឡើងជាបន្តបន្ទាប់ រាប់ចាប់តាំងពីជំងឺផ្ដាសាយបក្សី ជំងឺសារជ្រូក និងជំងឺកូវីដ-១៩ ជាដើម ដែលវាបានបំប្លែងខ្លួនជាបន្តបន្ទាប់នោះ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ឡើងវិញទៀតថា ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច និងផលិតកម្មនៅក្នុងស្រុក កម្ពុជាកំពុងផ្ដល់នូវការរៀបចំការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់និស្សិតក្រីក្រចំនួន ១,៥ លាននាក់។ សម្តេចតេជោ បានប្រកាសថា: រាជរដ្ឋាភិបាលកម្ពជា កើតចេញពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងបំពេញគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងនោះមាននយោបាយគាំពារសង្គម និងប្រជាពលរដ្ឋ ដែលគោលបយោបាយទាំងនោះត្រូវបានអនុវត្តន៍ និងទទួលផលរួចមកហើយ។

សម្តេចតេជោ បានបញ្ជាក់ថា ពេលនេះ សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អទេ ទាំងនៅអាមេរិក និងនៅអឺរ៉ុប ជាពិសេសគឺនៅអឺរ៉ុបនេះតែម្ដង។ថ្វីត្បិតពេលនេះ មិនបង្កនូវបញ្ហាធ្ងន់ធ្ងរ ប៉ុន្ដែស្ថានភាពនេះបានធ្វើឱ្យ ប៉ះពាល់ដល់អតិផរណានៅគ្រប់ប្រទេសទាំងអស់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេលកូវីដ-១៩ផ្ទុះឡើង មានកម្មកររាប់លានដាក់អត់ការងារធ្វើ នៅទូទាំងពិភពលោក។ សម្តេចតេជោក៏បានប្រកាសគាំពារដល់កម្មករ ដែលត្រូវរោងចក្រព្យួរ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ រហូតដល់ពួកគេ មានលទ្ធភាពកសាងលទ្ធកម្មជីវភាពល្អប្រសើរឡើងវិញ។

នៅថ្ងៃនេះ សម្ដេចតេជោបានណែនាំដល់អភិបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរថយន្តក្រុងដឹកអ្នកដំណើរ ជាពិសេសដឹកបងប្អូនប្រជាពលរដ្ឋទៅលេងតាមបណ្ដាខេត្តសំខាន់ៗក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដូចជាទៅលេងខេត្តសៀមរាបអង្គរជាដើម ដែលត្រូវរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅទីនោះ។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះសិក្ខាកាម និងនិស្សិតជ័យលាភីនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ និងជូនពរឲ្យទទួលបាននូវភាពជោគជ័យ ក្នុងការងារជាបន្តបន្ទាប់ទៀត៕

nph

Leave a Reply

Your email address will not be published. Required fields are marked *