ព័ត៌មានជាតិ ព័ត៌មាននយោបាយ

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការសិក្សាដាក់តំបន់ផ្លូវអន្លង់អាំង ឬផ្លូវបុប្ផាលាក់ខ្លួន ភ្នំ១.៥០០ ជាតំបន់អភិរក្សសម្រាប់ទេសចរណ៍ធម្មជាតិ ព្រោះជាតំបន់ធម្មជាតិ ដ៏កម្ររបស់កម្ពុជា ព្រមទាំងស្នើឱ្យដាក់ពាក្យ «សង្ក្រាន្ត» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក…។

កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធព្រះបទុមចេតិយក្នុងវត្តមណីរតនារាម ស្ថិតនៅ ភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធម សម្តេចធិបតី គូសបញ្ជាក់ថា សមិទ្ធផលក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលកើតមាននាពេលបច្ចុប្បន្ន គឺអាស្រ័យកត្តា ៤យ៉ាង មានជាអាទិ៍ ទី១.កត្តាសុខសន្តិភាព ដ៏មានតម្លៃមហិមា ហើយត្រូវរក្សាឱ្យបានគង់វង្សយូរអង្វែង ព្រោះថាក្នុងសម័យសង្គ្រាមវត្តអារាមអាចក្លាយជាទីតាំងសមរភូមិ ប៉ុន្តែ ក្នុងសម័យសន្តិភាពទីតាំងសមរភូមិទាំងឡាយ បានប្រែក្លាយមកជាកន្លែងកសាងសមិទ្ធផលបម្រើដល់ផលប្រយោជន៍ របស់ប្រជាជន។
ទី២. កត្តាសិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិសាសនា នាៗ ។ ទី៣. កត្តារីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាជន ដែលនាំឱ្យមានសទ្ធាជ្រះថ្លាក្នុងការចូលរួមក្នុងការកសាងសមិទ្ធផលសាសនា ដែលខ្លួនគោរពបដិបត្តិ ។ និង ទី៤.វប្បធម៌នៃការចែករំលែកប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅរវាងគ្នានិងគ្នា ។

សម្តេចធិបតី បានបន្តទៀតថា សាសនា គឺជាប្រភពផ្តល់គុណតម្លៃសម្រាប់សង្គម ហើយបានផ្សារភ្ជាប់សកម្មភាពមនុស្សទៅនឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ មនសិការ ផ្នត់គំនិត និងឥរិយាបថមនុស្សនៅក្នុងសង្គម។ ក្នុងន័យនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បន្តថែរក្សាកេរតំណែលរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ តាមរយៈបន្តដាក់ សម្បត្តិវប្បធម៌ជាតិទាំងឡាយទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទាំងបីប្រភេទ មានជាអាទិ៍ ១.បញ្ជីបេតិកភណ្ឌ រូបីយ៖ ឧទ្យានបុរាណវិទ្យាអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសម្បូរព្រៃគុហ៍, តំបន់ប្រាសាទកោះកេរ ។
២.បញ្ជីបេតិកភណ្ឌ អរូបីយ៖ របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, ល្ខោនខោលវត្តស្វាយអណ្តែត, គុនល្បុក្កតោ ។
៣.បញ្ជីនៃស្មារតីចងចាំរបស់ពិភពលោក៖ បណ្ណាសារមន្ទី ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, ក្រាំងរឿងអ៊ីណាវបុស្បា ជាដើម ។ល។

ទន្ទឹមនេះ សម្តេច ក៏បានឱ្យដឹងផងដែរថា បានណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការរៀបចំឯកសារដាក់ពាក្យ «សង្ក្រាន្ត» ចុះក្នុង បញ្ជីបេតិកភណ្ឌពិភពលោករួចហើយ! បើមិនមានអ្វីប្រែប្រួល នឹងត្រូវចុះបញ្ជីរួចរាល់នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីជំរុញការពារ និងទទួលស្គាល់ពីទូទាំងសាកលលោក ព្រមទាំងបន្តថែរក្សាកេរតំណែល បុព្វបុរសខ្មែរ សម្រាប់បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយរបស់យើង ។

ទាក់ទិននឹងការអភិរក្សនៅក្នុងខេត្តពោធិ៍សាត់ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឱ្យមានការសិក្សាដឹកនាំដោយ ឯកឧត្តម កែវ រតនៈ សហការជាមួយស្ថាប័ន-អាជ្ញាធរជំនាញពាក់ព័ន្ធ ក្នុងការដាក់តំបន់ផ្លូវអន្ទង់អាំង ឬផ្លូវបុប្ផាលាក់ខ្លួន ភ្នំ១.៥០០ ជាតំបន់តំបន់អភិរក្សសម្រាប់ទេសចរណ៍ធម្មជាតិ ព្រោះជាតំបន់ធម្មជាតិដ៏កម្ររបស់កម្ពុជា។ ទន្ទឹមនេះ សម្តេចធិបតី បានគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងរុក្ខ-ទេសចរណ៍ដែលភ្ជាប់នឹងទឹកដី ដោយត្រូវមានការសិក្សាជាក់លាក់ ត្រួតពិនិត្យឱ្យបានម៉ត់ចត់មុនការផ្តល់ជូន អាជ្ញាបណ្ណអាជីវកម្ម ហើយត្រូវស្នើសុំតាមរយៈក្រសួងបរិស្ថាន ។ ចំពោះអាជ្ញាបណ្ណដែលកំពុងប្រកបអាជីវកម្ម រាជរដ្ឋាភិបាល នឹងបន្តគាំទ្រ ជួយសម្របសម្រួល ក្នុងការប្រកបអាជីវកម្ម រីឯ អាជ្ញាបណ្ណដែលពុំទាន់ប្រកបអាជីវកម្ម រាជរដ្ឋាភិបាលទុកជូនរយៈពេល ៦ ខែ ដើម្បីអនុវត្តនូវគម្រោងអាជីវកម្មរបស់ខ្លួន ។ ដោយឡែក ចំពោះ ករណីវិនិយោគណាបំពានទៅលើលក្ខខណ្ឌដែលបានកំណត់ នោះត្រូវប្រឈមទៅនឹងការដកយកអាជ្ញាបណ្ណ មិនឱ្យប្រកបអាជីវកម្មតទៅទៀតឡើយ ។

ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានធ្វើការក្រើនរំឭកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យបន្ត យកចិត្តទុកដាក់ និងជៀសឱ្យឆ្ងាយអំពីករណីខុសច្បាប់ទាំងឡាយណា ដែលទាក់ទិនទៅនឹងការ បំផ្លាញព្រៃឈើ ព្រោះជាសម្បត្តិរួមសម្រាប់អនាគតប្រជាជនទូទាំងប្រទេស ហើយដាច់ខាតត្រូវការពារឱ្យបាននូវរាល់ការទន្ទ្រានដីរដ្ឋ និងដីសហគមក្នុងគ្រប់រូបភាព តាមរយៈ ទី១.បន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត មិនលើកលែង ចំពោះអ្នកប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ រួមជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រៀមផ្តល់កិច្ចសហការគាំទ្រចាំបាច់នានា ។ និង ទី២.ពង្រឹងយន្តការគ្រប់គ្រងមូលដ្ឋានឱ្យបានរឹងមាំ ដើម្បីថែរក្សាទីតាំងបានយូរអង្វែង និងប្រកបដោយ ភាពទទួលខុសត្រូវខ្ពស់ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការគ្នាយ៉ាងល្អ ធ្វើឱ្យរដ្ឋបាលខេត្ត ពោធិ៍សាត់ មានការអភិវឌ្ឍ និង រីកចម្រើនលើគ្រប់វិស័យ ស្របទៅតាមសក្តានុពលនៃភូមិសាស្ត្រខេត្ត ជាពិសេស ការកើនឡើងគួរឱ្យកត់សម្គាល់នៃសមិទ្ធផលផ្នែកពុទ្ធចក្រ ផងដែរ ៕

nph

Leave a Reply

Your email address will not be published. Required fields are marked *