ព័ត៌មានសន្តិសុខសង្គម

ទីតាំងបនល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ នៅជាន់ទី4ក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្កាត់បឹងត្របែក ខណ្ឌចំការមន នៅតែដំណើរការបើកលេងជាធម្មតា! ខណៈដែលរដ្ឋបាលខណ្ឌចំការមន បានឲ្យម្ចាស់ទីតាំង ធ្វើកិច្ចសន្យា ១លើក-២លើកទៅហើយ ប៉ុន្តែហាក់ដូចគ្មានប្រសិទ្ធភាពទាល់តែសោះ.!

(ភ្នំពេញ): តាមសេចក្តីរាយការណ៍មកថា : ទីតាំងបនល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ប្រភេទ{កាសុីណូ}មួយកន្លែងនៅក្នុងផ្សារបឹងត្របែកផ្លាហ្សា ជាន់ទី4 តាមផ្លូវ433 ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន បានធ្វើកិច្ចសន្យា ១លើកជា ២លើកទៅហើយ ប៉ុន្តែបនល្បែងប្រភេទ{កាស៊ីណូ}មួយនេះ នៅតែបើកលេងយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឡើយ!គេដាក់ការសង្ស័យជាឆ្នាំងបាយរបស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ផងក៏មិនដឹង?

ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៣ ភ្នាក់ងារសារព័ត៌មានយើង បានទៅដល់ទីតាំងបនល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ប្រភេទ{កាស៊ីណូ}មួយកន្លែងនេះ ឃើញនៅតែបន្តបើកលេងជាធម្មតា ដោយមានដាក់កម្លាំងសន្តិសុខយាមកាម ហាមឃាត់មិនឲ្យភ្នាក់ងារសារព័ត៌មានចូលទៀតផង។

ប្រភពពីបងប្អូនអាជីវករលក់ដូរ នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា បាននាំគ្នាត្អូញត្អែរថា: បញ្ហាទីតាំងបនល្បែងសុីសង{ហ្គេមបាញ់ត្រី}មួយនេះ កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចប្តីនិងកូនពួកគាត់ផុងខ្លួន និងការលេងល្បែងខុសច្បាប់ទាំងនោះ ជាហេតុធើឲ្យកើតមានបញ្ហាអសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេស គឺអំពើហិង្សា ជាដើម។ល។

យ៉ាងណាក្ដី មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាមហាជនទូទៅ សូមស្នើទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយពិនិត្យភាពជាក់ស្តែង និងមានវិធានការ ដើម្បីចាត់កម្លាំងជំនាញធ្វើការទប់ស្កាត់ ក៏ដូចជា ចុះបង្ក្រាបទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ប្រភេទ{កាស៊ីណូ} ស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះផងទាន។ ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ ដោយគ្មានការលើកលែង ។ ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនាពេលកន្លងមក។

គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនហើយថែមបញ្ជាក់ទៀតថា បើខេត្ត ក្រុង ស្រុកណាមានល្បែងសុីសងកើតមាន ចៅហ្វាយខេត្ត/ក្រុង/ស្រុកនោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕

nph

Leave a Reply

Your email address will not be published. Required fields are marked *