ព័ត៌មានជាតិ ព័ត៌មាននយោបាយ

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ឥណ្ឌា ចុះហត្ថលេខាលើឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ…

(កម្ពុជា): លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីរសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយនឹងលោកនាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (Manoj Pande) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅរដ្ឋធានីញូវដេលី សាធារណរដ្ឋឥណ្ឌា។

លោកនាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (Manoj Pande)បានសម្តែងការស្វាគមន៍ ចំពោះការអញ្ជើញ មកដល់ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងប្រទេសឥណ្ឌា ដែលជាកិត្តិយស និងឱកាសដ៏ពិសេស សម្រាប់ការពិភាក្សា អំពីការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក ស្របពេលដែលកម្ពុជា-ឥណ្ឌា កំពុងមានទំនាក់ទំនងល្អ លើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការល្អ ជិតស្និទ្ធ ដែលមានកន្លងមក រវាងកងទ័ពជើងគោកទាំងពីរ រួមជាមួយនឹងការអរគុណចំពោះ ភាគីមិត្តឥណ្ឌា ដែលតែងបានជួយដល់ កងទ័ពជើងគោកកម្ពុជា ជាពិសេសលើការកសាងសមត្ថភាព តាមរយៈការផ្តល់វគ្គហ្វឹកហ្វឺន លើមុខជំនាញជាច្រើន។

ក្នុងឱកាសនៃជំនួបនេះ សមភាគីទាំងពីរ បានសម្រេចចុះហត្ថលេខា លើឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង កងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌា ក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីក ចំណងមិត្តភាព ឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត​ហើយ ព្រឹត្តិការណ៍នេះ ក៏អាចត្រូវបានចាត់ទុកថា ជាជំហានថ្មីមួយទៀត ក្នុងការ ជំរុញសកម្មភាព កិច្ចសហប្រតិបត្តិការជាក់ស្តែង ឱ្យកាន់តែសកម្មរស់រវើក ជាពិសេស តាមរយៈការបើកច្រក ឱ្យមានទំនាក់ទំនងផ្ទាល់ រវាងអង្គភាព និងអង្គភាពចំណុះកងទ័ពជើងគោកទាំងពីរ ដើម្បីឈានទៅសម្រេចបាន នូវសមិទ្ធផលផ្លែផ្កា បន្ថែមទៀត៕

nph

Leave a Reply

Your email address will not be published. Required fields are marked *