ព័ត៌មានជាតិ

ព្រឹទ្ធសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន០៣ =======

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភានីតិកាលទី៤ បានប្រជុំក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈចំនួន០៣ រួមមាន៖
១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ សម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពី ការឧបត្ថម្ភធនជលផលទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។
២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគ រូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ។
៣-កំណត់របៀបវារៈ កាលបរិចេ្ឆទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យក ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួនពីរខាងលើនេះ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន

nph

Leave a Reply

Your email address will not be published. Required fields are marked *