(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ។ ពិធីនេះមានការចូលរួមពីប្រតិភូអមដំណើរ និងអង្គភាព ស្ថាប័នមន្ទីរជំវិញខេត្តជាច្រើនរូបផងដែរ។
មេបញ្ជាការថ្មី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដែលត្រូវបានប្រកាសចូលកាន់តំណែង គឺលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ជំនួសលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន ដែលត្រូវផ្លាស់ទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងវិញ។
ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ឡេីងធ្វេីការប្តេជ្ញាចិត្តដូចខាងក្រោម ៖
១- ប្តេជា្ញចិត្តហ៊ានលះបង់ គ្រប់បែបយ៉ាងដេីម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាពឱ្យបានគង់វង្សជារៀងរហូត ជូនជាតិនិងប្រជាជន។
២- ខិតខំរៀនសូត្រ លេីកកម្ពស់សមត្ថភាព ចំណេះដឹង អំពីច្បាប់ លក្ខន្តិកៈ បញ្ជាទូទៅរបស់កងខេមរភូមិន្ទ និងគោលការណ៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍គ្រប់ប្រតិបត្តការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេសប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស។
៣- សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នច្បាប់ និងអង្គភាពពាក់ព័ន្ធ និងចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសេីរ ។
៤- ខិតខំទំនប់បំរុង ចំពោះអង្គភាព លេីការហូបចុក សម្លៀកបំពាក់ និងការស្នាក់នៅរួមទាំងមធ្យោបាយ សុខភាព ហេីយនិងដោះស្រាយគោលនយោបាយទាន់ពេលវេលា ក្នុងអង្គភាព។
៥- សូមអនុវត្តតាមបទបញ្ជា លេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីវិធានការដាក់ចេញយ៉ាងមុឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងបទលេី្មសគ្រឿងញៀនខុសច្បាប់។
៦-អនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការនៃកងរាជអាវុធហត្ថលេីផ្ទៃប្រទេស គឺរស់នៅ រៀនសូត្រ ធ្វេីការងារត្រូវតាមច្បាប់ ជួយគិត ជួយធ្វេីរួមគ្នាទទួលខុសត្រូវ ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបំរេី ច្បាប់ត្រូវតែគោរព បទល្មេីសត្រូវតែបង្ក្រាប ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ប្តេជ្ញាការពារនូវសមិទ្ធផលរបស់លោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន ឱ្យបានល្អ និងគង់វង្ស។
ក្នុងឱកាសនេះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជេីញសំណេះសំណាល និងថ្លែងអំណរ អរគុណដល់លោកឧត្តមសេនីយ៍ត្រីទាំងពីរបានអនុវត្តការងារបានល្អប្រសេីរដូចគ្នា។ ឯកឧត្តមបានបញ្ជាក់ថា ការផ្លាស់ប្តូរទាំងអស់នេះ ជាទម្លាប់របស់យេីងទាំងអស់គ្នា ហេីយក៏ស្របតាមច្បាប់នៃកងខេមរភូមិន្ទយេីងដែលបានចែង។
ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹក និងជំរុញដល់លោកមេបញ្ជាការនៃរាជអាវុធហត្ថដែលចូលកាន់មុខតំណែងថ្មី ឱ្យខិតខំអនុវត្តការងារឱ្យបានល្អប្រសេីរ និងគោរពច្បាប់ខេមរភូមិន្ទឱ្យបានត្រឹមត្រូវ ពិសេសគោរពតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណតំណាក់កាលទី១ និតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
ជាចុងបញ្ចប់ឯកឧត្តម ក៏បានផ្តល់នូវវត្ថុអានុស្សាវារីយ៍ សម្រាប់ថ្ងៃនៃទិវា ៨មីនា ជូននារីៗមួយចំនួននៅក្នុងអង្គភាព ហេីយបានចូលរួមពិសារអាហារសាមគ្គី ក្រោយបញ្ចប់នូវកម្មវិធីដ៏អធឹកអធម្មនាឱកាសនោះផងដែរ៕