ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

សម្រង់សម្តីមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា: ការស៊ើបអង្កេតឈានដល់ឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀនថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ.!

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ជាមួយនឹងមនុស្សចំនួន ៤នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន ហើយត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីឲ្យតំណាងអាយ្យការបើកការសើបសួរទៅតាមផ្លូវច្បាប់។

ទាក់ទងករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា: “សណុំរឿងទើបតែទទួលបាន តំណាងអយ្យការកំពុងតែប្រើប្រាស់នីតិវិធីដើម្បីចាត់ការលើរឿងនេះ”។
ចំណែកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា “ពិតជាមានការឃាត់ខ្លួនឧត្តមសេនីយ៍ទោ វ៉ាន់ កុសល ជាមួយនឹងមនុស្សចំនួន ៤នាក់ផ្សេងទៀតមែន ពាក់ព័នករណីបទប្រើល្បិចកំហែងយកប្រាក់ដោយមានផែនការ”។

នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកានេះដែរ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀន និងបញ្ជូនខ្លូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែផ្តោតការយកចិត្តទុកដាក់ និងក្រើនរំលឹកជាប្រចាំ។ តែទោះជាយ៉ាងណា រង់ចាំមើលលទ្ធផលនៃការសួរចម្លើយ និងការសម្រេចចោទប្រកាន់របស់ព្រះរាជអាជ្ញាបន្ត។

លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ដែរថា: ទិសដៅទាំង៦ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងអាណត្តិទី៧នេះ រួមមាន៖ ទី១. បញ្ហាគ្រឿងញៀន, ទី២. បញ្ហាចរាចរណ៍, ទី៣. ករណីចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ, ទី៤. ការជួញដូរមនុស្សគ្រប់ប្រភេទ, ទី៥. ការគ្រប់គ្រងក្រុមក្មេងទំនើង, និងទី៦. បញ្ហាតាមព្រំដែនទាំងគោកនិងទឹកជាប់ជាមួយប្រទេសជិតខាង។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្តទៀតថា: ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងផ្ញើសារតាមអង្គពិធីជារឿយៗជូនមន្ត្រីនគរបាលជាតិ កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងប្រើប្រាស់ និងជួញដូរ ឬបទល្មើសនានាក្នុងរង្វង់បញ្ហាគ្រឿងញៀននេះ។ បើរកឃើញថាពាក់ព័ន្ធនឹងអនុវត្តវិន័យយ៉ាងតឹងរឹងតាមកម្រិតកំហុស ដែលអាចឈានទៅបណ្ដេញចេញពីក្របខណ្ឌ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលជាសមត្ថកិច្ចរបស់តុលាការ៕

nph

Leave a Reply

Your email address will not be published. Required fields are marked *