ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់ និងពិភាក្សាលើរបាយការណ៍ ស្ដីពីលទ្ធផលស្រាវជ្រាវដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់

(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដាប់ និងពិភាក្សាលើរបាយការណ៍ ស្ដីពីលទ្ធផលស្រាវជ្រាវដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា រដ្ឋលខាធិការប្រចាំការក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកបុគ្គលិក ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមអគ្គនាយក អគ្គនាយរង និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺដើម្បីស្ដាប់របាយការណ៍ និងពិភាក្សាលើរបាយការណ៍ ស្ដីពីលទ្ធផលស្រាវជ្រាវដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ដែលជារបៀបវារៈដ៏មានសារៈសំខាន់មួយរបស់ក្រសួងមហាផ្ទៃ ក្នុងការកសាងកម្លាំងនគរបាលនៅប៉ុស្តិ៍នគបាលរដ្ឋបាល ដើម្បីបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារស្រាវជ្រាវដើម្បីលើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ បានធ្វើរបាយការណ៍ថា ប្រតិបត្តិការចុះស្រាវជ្រាវចាប់ផ្ដើមដំណើរការរយៈពេល ៦ខែ និង ១៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយជ្រើសរើសប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ១៣៨ប៉ុស្តិ៍ តាមភូមិសាស្រ្ត ២៥ រាជធានី-ខេត្ត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានឱ្យដឹងទៀតថា: ក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្ដែង ព្រមទាំងជួបពិភាក្សាជាមួយមេឃុំ, ចៅសង្កាត់, សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់, ស្មៀន, មេភូមិ, ប្រធានក្រុម, ប្រជាការពារ, នាយ-នាយរង, និងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល សរុបចំនួន ៣.៧៧០នាក់ ក្នុងនោះស្រី ៤៨៧នាក់។ ឯកឧត្តមបន្ថែមថា ការជួបនេះបានធ្វើឡើងដោយឡែកៗពីគ្នារវាងអាជ្ញាធរឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល។

ឯកឧត្តមប្រធានក្រុមការងារក៏បានឱ្យដឹងដែរថា ក្រុមការងារបានកំណត់គោលដៅយកឃុំ សង្កាត់ដែលជាតំបន់មាន បុរី ខុនដូ អាផាតធឺមិន រោងចក្រ សហគ្រាស ទីប្រជុំជន ទីរួមក្រុង ស្រុក និងជនបទដាច់ស្រយាល កោះ តំបន់ភ្នំ តំបន់ជាប់ព្រំដែន តំបន់ទេសចរណ៍ ច្រកទ្វារអន្តរជាតិ និងច្រកទ្វារទ្វេភាគី។ ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេច និងអង្គប្រជុំ អំពីលទ្ធផលនៃការស្រាវជ្រាវ ព្រមទាំងការវិភាគ និងលើកយោបល់មួយចំនួនផងដែរ។

យោងតាមរបាយការណ៍ ការវិភាគ និងលើកយោបល់ បានផ្តោតលើការផ្ដល់ក្របខ័ណ្ឌតាមប្រភេទប៉ុស្តិ៍ និងការកំណត់និយាមបរិមាណកម្លាំង, ការធានានិរន្តរភាពកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងការរៀបចំយន្តការគាំទ្រប៉ុស្តិ៍នគរបាលរដ្ឋបាល។ របាយយការណ៍របស់ក្រុមការងារស្រាវជ្រាវក៏បានដាក់ទិសដៅ និងសំណូមពរមួយចំនួនជូនសម្ដេចឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ផ្ដល់យោបល់បន្ថែម និងសម្រេចក្នុងកិច្ចប្រជុំនេះផងដែរ៕

nph

Leave a Reply

Your email address will not be published. Required fields are marked *