(កណ្តាល)៖ ប្រភពព័ត៌មានរាយការណ៍មកថា: ទីតាំងល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់ តាមប្រព័ន្ធអនឡាញ» នៅក្នុងភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល បើកលេងយ៉ាងអនាធិបតេយ្យ ពោរពេញដោយអ្នកញៀនល្បែងប្រមូលផ្ដុំគ្នាអង្គុយចាក់ស្រែកហ៊ោរឡើងទ្រហ៊ឹង មិនខ្លាចរញើតអាជ្ញាធរសមត្ថកិច្ចនៅក្នុងមូលដ្ឋានបន្តិចសោះឡើយ!
ប្រភពដដែលបានបញ្ជាក់បន្ថែមឲ្យដឹងថា: ទីតាំងល្បែងស៊ីសងខុសច្បាប់«ភ្នាល់មាន់ជល់ តាមប្រព័ន្ធអនឡាញ» មួយកន្លែង ដែលស្ថិតក្នុងភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល បានបើកលេងជារៀងរាល់ថ្ងៃ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្រ្កាបឡើយ! ដែលជាហេតុនាំឲ្យម្ចាស់ទីតាំងល្បែងនិងក្រុមអ្នកញៀនល្បែងទាំងនោះ មិនខ្លាចរញើតអាជ្ញាធរសមត្ថកិច្ចនៅក្នុងមូលដ្ឋាន។
ពាក់ព័ន្ធករណី បនល្បែងសុីសងខុសច្បាប់ ស្ថិតក្នុងមូលដ្ឋានខាងលើ កំពុងធើ្វឲ្យពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានមួយនេះ សំដែងការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់ និងខ្លាចមានសមាជិកគ្រួសារ ផុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនោះ! ជាហេតុធ្វើឲ្យមានបញ្ហាអសន្តិសុខ កើតនូវបទល្មើសផ្សេងៗ ដូចជា: ករណីចោរកម្ម និង អំពើហិង្សាជាដើម។ល។
ដូច្នេះហើយប្រជាពលរដ្ឋ ក៏ដូចជាមហាជនទួទៅ សូមសំណូមពរដល់លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល និងលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ចាត់វិធានការបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ ដែលស្ថិតក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ ដោយគ្មានការលើកលែង ។ ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនាពេលកន្លងមក។
គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនហើយថែមទាំងបញ្ជាក់ទៀតថា បើខេត្ត ក្រុង ស្រុកណាមានល្បែងសុីសង! ចៅហ្វាយខេត្ត/ក្រុង/ស្រុកនោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង។
អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕