ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងខុសច្បាប់ខ្នាតធំ«សង្វៀនជល់មាន់ និងអាប៉ោង» មួយកន្លែងកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ស្ថិតក្នុង ឃុំសង្គមថ្មី ស្រុកកោះញែក…

(ខេត្តមណ្ឌលគីរី): ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា: ទីតាំងល្បែងខុសច្បាប់ «សង្វៀនជល់មាន់ និងអាប៉ោង» មួយកន្លែងស្ថិតក្នុងមូលដ្ឋានភូមិសង្គមថ្មី ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានបើកលេងនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ យ៉ាងសប្បាយ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន មិនហ៊ានធ្វើការទប់ស្កាត់ និងបង្ក្រាបឡើយ! ប្រហែលម្ចាស់ទីតាំងល្បែងនេះ មានអំណាចធំហើយ? ទើបហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុន សែន។

ប្រភពដដែលបានបន្តថា: ទីតាំងល្បែងខុសច្បាប់ «សង្វៀនជល់មាន់ និងអាប៉ោង» នៅក្នុងមូលដ្ឋានមួយនេះ កំពុងបើកលេងភ្នាល់មាន់ជល់ក្នុងមួយគូៗ ចាក់លុយ រាប់លានរៀល ទៅដល់រាប់ពាន់ ដុល្លារ ឯណោះ រីឯខាងអាប៉ោងវិញ ក៏ចាក់ក្នុងចំនួនទឹកលុយដ៏ធំផងដែរ ហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវឮលាន់ឡើងរំពងនៅក្នុងវង់ល្បែងមួយនេះ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្ក្រាប! ឬមួយជាឆ្នាំងបាយរបស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានទេដឹង?

ជុំវិញករណីនេះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាអសន្តិសុខ ខ្លាចកើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាជាដើម ដែលអាចកើតចេញពីល្បែងខុសច្បាប់ទាំងនេះ ។

យ៉ាងក្តី មជ្ឈដ្ឋានខាងក្រៅ ក៏ដូចជាមហាជនទូទៅ សូមស្នើដល់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ជាពិសេស ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី សូមមានវិធានការទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ខ្នាតធំ«សង្វៀនជល់មាន់ និងអាប៉ោង» មួយកន្លែងកំពុងធ្វើសកម្មភាពបើកលេងនៅក្នុងភូមិសាស្ត្រខាងលើនេះផងទាន។

គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនហើយថែមបញ្ជាក់ទៀតថា បើខេត្ត ក្រុង ស្រុកណាមានល្បែងសុីសងកើតមាន ចៅហ្វាយខេត្ត/ក្រុង/ស្រុកនោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕

nph

Leave a Reply

Your email address will not be published. Required fields are marked *