ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងនៅផ្លូវលេខ៤៧៤  លោកអភិបាលខណ្ឌចំការមន និងលោកអធិការខណ្ឌ​ មិនបង្ក្រាបទុកគ្រាន់កំដរមូលដ្ឋានកុំឲ្យស្ងាត់…

ថ្ងៃព្រហស្បតិ៍ ០៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣

(ភ្នំពេញ​): ទីតាំងល្បែងសុីសង​ “នៅផ្លូវ​លេខ ៤៧៤“ ដែលកន្លងមកគេ​ស្គាល់​ឈ្មោះថា(Net 365) ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ កំពុងបើកដំណើរការយ៉ាងសកម្ម និងមានមនុស្សចេញចូលជាច្រើនទៀតផង។ រីឯលោក គៀងល័ក្ស និងលោក យិន សាន ជាថ្នាក់ដឹកនាំខណ្ឌចំការមន មិនមានវិធានការទប់ស្កាត់ ឬ បង្ក្រាបទាល់តែសោះ។ ឬមួយក៏ទុកល្បែងស៊ីសងទាំងនេះដើម្បីកំដរមូលដ្ឋានរបស់ខ្លួនកុំឲ្យស្ងាត់?

ប្រភពព័ត៌មានបានឲ្យដឹងថា: ទីតាំងអតីតល្បែងស៊ីសង (Net 365) “នៅផ្លូវ​លេខ៤៧៤“នៅតែបន្តបើកទទួលអ្នកញៀនល្បែងឱ្យចូលទៅលេងជាធម្មតារហូតដល់បច្ចុប្បន្ន បើទោះបីបិទមួយរយៈ និងធ្លាប់មានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបម្ដងរួចមកហើយក៏ដោយ។ តើម្ចាស់ទីតាំងបើកល្បែងស៊ីសងខុសច្បាប់នេះជានណា? បានជាមានអំណាចខ្លាំងជាងថ្នាក់ដឹកនាំខណ្ឌចំការមនទាំងពីររូបនេះ ។
មជ្ឈដ្ឋានទូទៅកំពុងដាក់ការសង្ស័យលើថ្នាក់ដឹកនាំខណ្ឌចំការមនទាំងពីររូបនេះ ថាមានទំនាក់ទំនងអ្វីជាមួយម្ចាស់ទីតាំងល្បែងខុសច្បាប់នេះហើយ ទើបហ៊ានល្មើសបទបញ្ជាបែបនេះ។

👉សូមរំលឹកថា៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជា ឲ្យគណៈអភិបាលទាំង២៥ រាជធានី ខេត្ត ក្រុង. តម្រូវឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា៖ បើអាជ្ញាធរនិងសមត្ថកិច្ច ស្រុក ក្រុង ខេត្តណា ដែលមិនហ៊ានទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមហាជនទូទៅ សុំអំពាវនាវយ៉ាងទទូចទៅដល់លោក គៀង លក័្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន មេត្តាចាត់វិធានការទៅលើទីតាំងល្បែងក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីគោរពតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ ដោយគ្មានការលើកលែង ។ ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនាពេលកន្លងមក។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕

nph

Leave a Reply

Your email address will not be published. Required fields are marked *