ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងភ្នាល់មាន់ជល់ខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅក្នុងមូលដ្ឋានភូមិស្វាយត្បូង ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ មិនមានការទប់ស្កាត់ និងបង្រ្កាប ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច…

(កំពង់ចាម): ទីតាំងបនល្បែងសុីសង ភ្នាល់មាន់ជល់ខុសច្បាប់ តាមប្រព័ន្ធអនឡាញ នៅក្នុងភូមិស្វាយត្បូង ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បែជារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប។

ពលរដ្ឋនៅក្នុងមូលដ្ឋានលើកឡើងថា: ទីតាំងល្បែងស៊ីសងភ្នាល់មាន់ជល់ តាមប្រព័ន្ធអនឡាញទាំងនេះធ្លាប់ធ្វើកិច្ចសន្យា និងបិទម្តងរួចមកហើយក្រោយពីប្រមុខ រាជរដ្ឋាភិបាលលោកបានប្រកាសឱ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណ ឬ មិនមានអាជ្ញាប័ណ្ណក៏ដោយ។ ជាក់ស្ដែងនៅពេលថ្មីៗនេះ គេសង្កេតឃើញទីតាំងល្បែងស៊ីសងទាំងនេះ ចាប់ផ្តើមបើកលេងយ៉ាងគគ្រឹកគគ្រេងឡើងវិញហើយ គឺនៅក្នុង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ប៉ុន្តែមិនឃើញវត្តមានសមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើការទប់ស្កាត់ ឬបង្ក្រាបឡើយ។

ប្រភពដដែលបានបន្តថា: សព្វថ្ងៃនេះប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពគ្រួសារនិងក៏ដូចជាទ្រព្យសម្បត្តិរបស់ពួកគាត់ផងដែរ ព្រោះថាអំពើចោរកម្មចេះតែកើតមានជាហូរហែ ក៏ដោយសារល្បែងខុសច្បាប់ទាំងនោះដែលជាដើមចម ឲ្យមានបញ្ហាអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។ល។

👉សូមរំលឹកថា៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ បើយោងតាមអនុសាសន៍ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាល រាជធានី ខេត្ត ក្រុង.ទាំង២៥ ដែលតម្រូវឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា៖ បើអាជ្ញាធរនិងសមត្ថកិច្ច ស្រុក ក្រុង ខេត្តណាដែលមិនហ៊ានទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ទោះជាយ៉ាងណាក្តី មហាជនទូទៅ សូមស្នើយ៉ាងទទួចទៅដល់ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និង លោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រីសន្ធរ មេត្តាចាត់វិធានការទៅលើទីតាំងល្បែងសុីសង ក្នុងមូលដ្ឋានខាងលើផងទាន ដើម្បីគោរពតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុនសែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅទូទាំងប្រទេស ដោយគ្មានការលើកលែង ។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕

nph

Leave a Reply

Your email address will not be published. Required fields are marked *