ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ប្រធានាធិបតីអាល្លឺម៉ង់ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាសប្ដាហ៍ទីពីរខែកុម្ភៈនេះ…

ថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ , ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣

(ភ្នំពេញ)៖ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( H.E.Mr.Frank-Walter Steinmeier )ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់និងលោកស្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៤ ដល់ ទី១៦ ខែកុម្ភៈ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់សារពត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា: តាមកម្មវិធីដែលបានគ្រោងទុកក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា លោកប្រធានាធិបតីនិងប្រតិភូ នឹងអញ្ជើញសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ អញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងដាក់កម្រងផ្កាគ្រប់វិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ។

លោកប្រធានាធិបតីនឹងមានកិច្ចប្រជុំជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រតិភូនឹងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពដដែលឲ្យដឹងទៀតថាតាមកម្មវិធីគ្រោងទុកគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងអញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង និងទស្សនាស្ថានទូតអាល្លឺម៉ង់។ ក៏នឹងអញ្ជើញទៅទស្សនកិច្ចខេត្តសៀមរាប ទស្សនាប្រាសាទអង្គរវត្ត ព្រមទាំងតំបន់ប្រវត្តិសាស្ត្រ និងទីតាំងសំខាន់ៗផ្សេងៗទៀត៕

nph

Leave a Reply

Your email address will not be published. Required fields are marked *