ព័ត៌មានជាតិ

សារសម្ដេចហ៊ុន សែន វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ នឹ​ងមកដល់កម្ពុជានៅ​ថ្ងៃទី២៦​ ខែមីនា ឆ្នាំ២០២១

ភ្នំពេញៈ ក្នុងសារសំឡេងនាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថាក្នុងពេលខាងមុខនេះ បើគ្មានការផ្លាស់ប្ដូរទេវ៉ាក់សាំងស៊ីណូវ៉ាក់ដែលប្រភេទវ៉ាក់សាំងមិនកំណត់អាយុមនុស្សសម្រាប់ការចាក់នេះនឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ។ តាមការជូនដំណឹងពីភាគីមិត្តចិនដែលកម្ពុជាបានទិញ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លាន៥សែនដូស ហើយក្រៅពីនោះក៏យើងនៅសល់ជំនួយរបស់មិត្តចិនសម្រាប់វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថានឹងបានទទួលនៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។

សម្ដេចតេជោមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតមកដល់ពេលនេះមានរយៈពេលមួយខែហើយគឺមិនទាន់បានស្រាកស្រាន្តនៅឡើយទេ។ពិតមែនតែយើងបានគ្រប់គ្រងសភាពការណ៍នៅខេត្តព្រះសីហនុបានល្អប្រសើរ។ប៉ុន្តែសម្រាប់រាជធានីភ្នំពេញនិងមួយផ្នែករបស់ខេត្តកណ្ដាល ក៏កំពុងនៅញាំញីនូវឡើយក្នុងពេលដែលខេត្តព្រៃវែង និងខេត្តកោះកុង ក៏មានស្ថានភាពកំពុងតែស្ថិតនៅក្នុងស្ថានការណ៍នៃការទប់ទល់។

សម្ដេចបន្តថា រយៈពេលមួយខែកន្លងទៅនេះគឺចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានរហូតទៅដល់ជាង១០០០នាក់ ដែលវាច្រើនជាងពីរដងនៃចំនួនអ្នកឆ្លងក្នុងឆ្នាំ២០២០និងដើមឆ្នាំ២០២១។ សម្តេចថ្លែងថាជំងឺរាតត្បាតនេះ កំពុងបន្តគំរាមកំហែងនៅទីក្រុងភ្នំពេញនិងផ្នែកខ្លះ របស់ខេត្តកណ្ដាលដែលទាមទារឱ្យយើង មានការយកចិត្តទុកដាក់ បន្តទៀតទៅលើការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩តាមរយៈនូវវិធានការដែលបានដាក់ចេញរួចមកហើយ ដែលបងប្អូនជនរួមជាតិបានដឹងទាក់ទិននឹង៣កុំនិង៣ការពារ។ ពាក់ព័ន្ធនឹងបញ្ហាវ៉ាក់សាំង សម្ដេចហ៊ុនសែនមានប្រសាសន៍ថាយើងបានចាប់ផ្ដើចាក់វ៉ាក់សាំងដំណាក់កាលទីមួយ គឺតាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ គឺចាក់ស៊ីណូហ្វាមហើយបន្ទាប់មកនៅថ្ងៃទី០៤ខែមីនាយើងក៏ចាប់ផ្ដើមនៅការចាក់បន្តទៀត នូវ៉ាក់សាំង Astra Zeneca។

ឥឡូវនេះសរុបទាំងផ្នែកកងទ័ព និងផ្នែកស៊ីវិលយើងចាក់បានជាង ៣០ម៉ឺននាក់ដែលក្នុងនោះ ក្រសួងសុខាភិបាលចាក់វ៉ាក់សាំង បានជាង១៩ម៉ឺននាក់ដោយវ៉ាក់សាំងទាំង២ប្រភេទនិងកងទ័ពចាក់បានចំនួនជាង១០ម៉ឺននាក់។សម្ដេចបញ្ជាក់ថាយើងមិនមែនមាន កងទ័ពត្រឹមតែចំនួនជាង១០ម៉ឺននាក់នោះទេ។ប៉ុន្តែដោយសារក្រុមគ្រូពេទ្យមិនបានអនុញ្ញាតឱ្យមនុស្សមួយចំនួនចាក់ ដូច្នេះចំនួននេះគឺឃើថាស្ថិតនៅក្នុងកម្រិតមួយមានល្បឿនលឿនតែមិនទាន់អស់ចំនួនកងទ័ព និងនគរបាល ដែលត្រូវចាក់។ «សម្រាប់វ៉ាក់សាំង Astra Zeneca វិញ ខ្ញុំសូមគូសបញ្ជាក់អំពីអាទិភាព គឺសម្រាប់ចាក់ទៅលើមនុស្ស ដែលមានអាយុលើសពី៦០ឆ្នាំឡើង។

ប៉ុន្តែរយៈពេលកន្លងទៅនេះ តាមមន្ទីរពេទ្យមួយចំនួននៅក្នុង ទីក្រុងភ្នំពេញក៏បានផ្ដល់ឱ្យអ្នកដែលមានអាយុក្រោម៦០ឆ្នាំ បានចាក់វ៉ាក់សាំងប្រភេទAstraZenecaផងដែរ។ដែលបញ្ហានេះធ្វើឱ្យខុសជាមួយ នឹងគោលនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលក្នុងពេល ដែលជំងឺរាតត្បាតនៅទីក្រុងភ្នំពេញធ្ងន់ធ្ងរ»។សម្ដេច ហ៊ុន សែនថ្លែងឱ្យដឹងថា ក្នុងពេលខាងមុខនេះបើគ្មានការផ្លាស់ប្ដូរទេ វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលជាប្រភេទវ៉ាក់សាំងមិនបានកំណត់អាយុសម្រាប់ការចាក់នោះនឹកមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះបើយោងតាមការជូនដំណឹងពីភាគីមិត្តចិនដែលយើងបានទិញវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លាន៥សែនដូស។ ក្រៅពីនោះក៏យើងនៅសល់ជំនួយរបស់មិត្តចិន សម្រាប់វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូសទៀតដែលសង្ឃឹមថានឹងបានទទួលនៅមុនបុណ្យចូលឆ្នាំខ្មែរ។សម្ដេចក៏បានស្នើឱ្យគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងត្រូវផ្ដល់អាទិភាពចំពោះការចាក់ជូនប្រជាជនដែលមានអាយុ៦០ឆ្នាំឡើងនៅទីក្រុងភ្នំពេញដែលជាតំបន់រាតត្បាត សម្រាប់មនុស្សចាស់ដែលងាយនឹងការឆ្លង។

សម្ដេចបានថ្លែងបន្ថែមថាយោងទៅលើស្ថិតិដែល ខ្ញុំបានទទួលពីលោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងថា ពេលនេះចំនួនវ៉ាក់សាំងដែលនៅសល់ សម្រាប់Astra Zeneca គឺមានចំនួន ១១១ ៤០០ដូស ដែលអាចចាក់បានសម្រាប់ប្រជាជនចំនួន៥៥៧០០នាក់។ ក្នុងន័យនេះខ្ញុំក៏បានពិភាក្សាជាមួយគណៈកម្មការវ៉ាក់សាំង ក៏ដូចជាអភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើយុទ្ធនាការសម្រាប់ការចាក់វ៉ាក់សាំង Astra Zeneca រយៈពេល១៥ថ្ងៃនៅរាជធានីភ្នំពេញហើយដែលមណ្ឌលចាក់វ៉ាក់សាំងទាំងនោះត្រូវតែធ្វើនៅតាមខណ្ឌ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ៦០ឆ្នាំឡើងលើហើយហាម ឃាត់ការមកដណ្ដើមវ៉ាក់សាំងពីមនុស្សចាស់ពីសំណាក់បងប្អូនកូនក្មួយដែលជាក្រុមយុវជនមិនទាន់ដល់អាយុ។សម្ដេចក៏បានស្នើឱ្យគ្រប់មន្ទីរពេទ្យដែលកំពុងដំណើរការចាក់វ៉ាក់សាំង គឺមិនបន្តចាក់វ៉ាក់សាំង Astra Zeneca ជូនអ្នកដែលមិនដល់អាយុ៦០ឆ្នាំទៀតទេ លើកលែងតែមានការអនុញ្ញាតរួចហើយ នេះជាលំដាប់អាទិភាព។

ព្រោះកន្លងទៅយើងឃើញថាឱ្យតែមានមនុស្សចូលទៅ រកចាក់វ៉ាក់សាំងក្រុមគ្រូពេទ្យយើងតែងតែផ្ដល់ដោយមិនបានគិតអំពីគោល នយោបាយវ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានបែងចែក។ដូច្នេះទោះបីជាមានលំដាប់អាទិភាព រួចហើយសម្រាប់ស្ថាប័នមួយចំនួនដូចជានៅក្នុងវិស័យអប់រំនិងផ្នែកដទៃទៀតគប្បីរង់ចាំវ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាមដែលនឹងមកដល់។ សម្ដេចលើកឡើងថា យើងមិនមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីនឹងចាក់នោះទេ ក៏ប៉ុន្តែយើងត្រូវបន្តការខិតខំដើម្បីរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់យើង យ៉ាងហោចឱ្យបាន១០លាននាក់ ដែលនៅពេលខាងមុខនេះវ៉ាក់សាំងនឹងបានមកជាបន្តបន្ទាប់។ សម្ដេចថ្លែងបន្តថា «យើងនឹងមានផែនការចាក់វ៉ាក់សាំងដោយមានរបៀបរៀបរយនិងដោយមានការអញ្ជើញ ការកំណត់ដោយច្បាស់លាស់ ហើយដោយគ្មានការរើសអើងសម្រាប់និន្នាការនយោបាយ»។

សម្ដេចថ្លែងសង្កត់ធ្ងន់ថាឥឡូវនេះនៅមិនដល់មួយខែទៀតទេនឹងដល់ពេលចូលបុណ្យឆ្នាំក្នុងពេលដែលសភាពការណ៍រីករាលដាលនៃជំងឺកូវីដ-១៩សម្រាប់នៅរាជធានីភ្នំពេញ និងខេត្តមិនទាន់បានធូស្បើយនៅឡើយ។ ដូច្នេះខ្ញុំស្នើឱ្យបងប្អូនជនរួមជាតិទាំងអស់គ្នាយកចិត្តទុកដាក់ ទៅលើការអនុវត្តនូវវិធាន៣កុំ៣ការពារ បើទាំបីជាអ្នកបានចាក់វ៉ាក់សាំងបានពីរដងរួចមកហើយក្ដី ក៏មិនត្រូវធ្វេសប្រហែសដែរ។បើមិនដូច្នោះទេ វ៉ាក់សាំងមិនអាចការពារបានទាំងស្រុងនោះឡើយ។វ៉ាក់សាំងជួយបានត្រឹមតែកាត់បន្ថយមិនឱ្យមានការឆ្លងតែប៉ុណ្ណោះ។ដោយត្រូវបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសវិធានការ ៣កុំនិង៣ការពារដែល ដាក់ចេញដោយរាជរដ្ឋាភិបាល កម្ពុជាដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ឱ្យមានប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *