(កំពង់ចាម)៖ ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២-នេះ បើយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋមកថា៖ មេល្បែងស៊ីសងឈ្មោះ វ៉ាន់ បាននិងកំពុងបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងចម្ការកៅស៊ូ មួយកន្លែង បានយ៉ាងរលូន និងបានគៀងគរក្រុម អ្នកញៀនល្បែង ឲ្យចូលទៅលេងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ ដែលមានទីតាំងក្នុងភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
យោងតាមសម្ដីប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានម្តុំទីតាំងល្បែងស៊ីសងខាងលើ បានលើកឡើងថា៖ បើគ្មានការបើកដៃ ពីមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានថ្នាក់ឃុំ ថ្នាក់ស្រុក ទេនោះ ប្រហែលបុគ្គលឈ្មោះ វ៉ាន់ ម្នាក់នេះ មិនអាចបើកល្បែងស៊ីសងខុសច្បាប់ក្នុងឃុំព្រែកកក់ តាមអំពើចិត្តបែបនេះបានឡើយ។ តើ លោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ដឹងដែររឺទេ ចំពោះបញ្ហានេះ?
ប្រជាពលរដ្ឋបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញករណីល្បែងស៊ីសង ដែលមាននៅក្នុងមូលដ្ឋានរបស់ពួកគាត់ ព្រោះថាល្បែង គឺជាដើមចម បង្ករឲ្យមានបទល្មើសផ្សេងៗ ដូចជា ករណីចោរកម្ម និងហឹង្សាជាដើម៘
ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវដល់លោកឧត្ដមសេនីយទោ ឯម កុសល្យ ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មេត្តាចាត់កម្លាំងជំនាញចុះទ្រួតពិនិត និងមានវិធានការបង្ក្រាបល្បែងស៊ីសង នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ នេះផងទាន។ ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ក៏ដូចជា ដើម្បីការពារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕