(ខេត្តព្រៃវែង)÷ នៅថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការរដ្ឋាននគរបាលស្រុកមេសាង បានចុះល្បាតចល័ត ត្រួតពិនិត្យតាមទីតាំង ក្នុងមូលដ្ឋានដែលមានសិស្សគេចសាលា ចំនួនពីរទីតាំងនៅក្នុងភូមិសាស្ត្រ ឃុំ ច្រេស និងឃុំ ជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។
ជាលទ្ធផល កម្លាំងនគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនក្រុមក្មេងទំនើងដែលស្លៀកពាក់ឯកសណ្ឋានជាសិស្សសាលា ហើយបានគេចសាលាមិនព្រមចូលរៀន បានចំនួន ១០នាក់ ក្នុងនោះមាន សិស្សវិទ្យាល័យច័ន្ទក្រឺស្នា ចំនួន ០៨នាក់ ស្រី គ្មាន និងសិស្ស វិទ្យាល័យមេសាង បានចំនួន ០២នាក់ ស្រី ១នាក់ ដើម្បីយកមកអប់រំណែនាំ នឹងធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល។
ជាមួយគ្នានោះដែរ ក៏មានការអញ្ជើញចូលរួមសហការពីរសំណាក់លោកលោកគ្រូ-អ្នកគ្រូជានាយក នាយករងសាលាវិទ្យាល័យទាំងពីរ និងអាណាព្យាបាលសិស្សជាច្រើនរូបផងដែរ៕
ប្រភព (ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង)