ស្ពានទ័ព ឬស្ពានអូរជីក មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានទីតាំងជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប។ ស្ពាននេះជាស្ពានចាស់បុរាណមួយដែលធ្វើពីថ្មបាយក្រៀមស្ទើរតែទាំងអស់ លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រដែលធ្វើពីថ្មភក់។ សព្វថ្ងៃនេះបង្កាន់ដៃនាគ និងជើងទម្រនៅសល់តែផ្នែកខ្លះៗតែប៉ុណ្ណោះ។ ចំណែកឯសរសរជើងស្ពានខ្លះទទួលការសឹករិចរឹលខ្លាំង។
ស្ពានទ័ព ឬស្ពានអូរជីកនេះមានបណ្តោយប្រវែងប្រមាណជា១៤៩ម៉ែត្រ ទទឹងប្រមាណជា១៥,៥០ម៉ែត្រ កម្ពស់ប្រហែល១០ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹកចំនួន៣៥ ដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ក្នុងចន្លោះសតវត្សទី១២ និងទី១៣ នៃគ.ស។ ស្ពាននេះ ត្រូវបានចាត់ទុកថាមានប្រវែងវែងជាងគេបង្អស់ នៅក្នុងចំណោមស្ពានបុរាណនានាជាង១០០ដែលគេបានស្រាវជ្រាវរកឃើញនៅក្នុងប្រទេសកម្ពុជា។
អត្តបទដកស្រង់ មរតកកម្ពុជា