ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើស្ត្រីអាយុ ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទ ហាស់៥ អិន១ ( H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលអ្នកជំងឺមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។
តាមការសាកសួរ បង្ហាញថា ប្រហែលមួយសប្តាហ៍មុនមានមាន់ងាប់ច្រើនជាបន្តបន្ទាប់នៅផ្ទះនិងក្នុងភូមិ កើតហេតុ។ អ្នកជំងឺបានចាប់ផ្ដើមឈឺនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់មក មានរោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ពិបាកដកដង្ហើម និងក្អក ទើបបញ្ជូនមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ ដោយមានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងបរិស្ថាន អង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ក្នុងការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថ តាមីហ្វ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែល កើតហេតុខាងលើ។
ក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែង ដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬ ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព សូមកុំទៅជួបជុំ នៅទីប្រជុំជន ដែលមានមនុស្សអ៊ូអច្រើន និងត្រូវស្វែងរក ការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុត ឲ្យបានទាន់ពេលវេលា។
ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ដែល គេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មាន បន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬ ទំនាក់ទំនងក្រសួងសុខាភិបាល តាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។
ប្រភពពីក្រសួងសុខាភិបាល
សូមអរគុណ។