(ខេត្តកណ្តាល)៖ ប្រភពព័ត៌មានរាយការណ៍មកថា: មានទីតាំងបនល្បែងសុីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ និងឡូតូ) មួយកន្លែងនៅចំណុចក្រោមស្ពានព្រែកតាមាក់ ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខណៈបនល្បែងខុសច្បាប់ បើកលេងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។
គេសង្កេតឃើញទីតាំងបនល្បែងសុីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ និងឡូតូ) មួយកន្លែង ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល កំពុងកៀងគរក្រុមញៀនល្បែងមកពីគ្រប់ទិសទីឲ្យមកចូលលេងយ៉ាងពពាក់ពពូន ពោលគឺលេងរៀងរាល់ថ្ងៃតែម្តង! តែមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជនដាក់ការសង្ស័យថា? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន! ទើបអាចបើកលេងបានដោយរលូនបែបនេះ។
ប្រភពដដែលបានបន្តទៀតថា: បនល្បែងសុីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ និងឡូតូ) ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខគឺ: ភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ បញ្ហានេះដែរ ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងជាសំនួថា: ឯណាទៅ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តនាពេលកន្លងមកនោះ?
ដូច្នេះហើយប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល សំណូមពរទៅដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល, ជាពិសេសឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងសុីសង(បញ្ជល់មាន់តាមប្រព័ន្ធអនឡាញ និងឡូតូ) មួយកន្លែងនៅចំណុចក្រោមស្ពានព្រែកតាមាក់ ស្ថិតនៅក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន៕
ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំ មិនមានចេតនាញុះញង់បំបែកបំបាក់ បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ! គឺចង់ឆ្លុះបញ្ចាំង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីភាគីដែលពាក់ព័ន នៅរៀងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន។
ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥