(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី។
នៅវេលាម៉ោង៨ព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ នេះជាការបង្ហាញមុខលើកដំបូងរបស់នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជាគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅលើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេក្នុងជំនួបកំពូលអាស៊ាន។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឲ្យដឹងថា: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាកាតា ពីថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តមចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានឆ្នាំនេះ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសបានឲ្យដឹងថា: គណៈប្រតិភូអញ្ជើញចូលរួមអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានរួមមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជាច្រើនរូបរបស់កម្ពុជា ដែលនេះជាការគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍តំបន់នេះ។
ក្រោមមូលបទ «សារៈសំខាន់អាស៊ាន ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនិងផ្ដោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្ដល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ានតាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះការពិភាក្សានិងផ្ដោតការយកចិត្តទុកដាក់លើការពូនជ្រុំសហគមន៍អាស៊ាន ប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូលដែលជាកម្លាំងដ៏សំខាន់ដើម្បីសម្រេចបាននូវអាស៊ានឆ្នាំ២០៤៥។ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចស្ដីពី មីយ៉ាន់ម៉ា និងសេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ានក៏នឹងពិភាក្សាលើទស្សនៈវិស័យអាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក និងផ្លាស់ប្ដូរទស្សនៈស្ដីពី បញ្ហាតំបន់និងអន្តរជាតិ ដែលជាក្តីបារម្ភ។
ក្រសួងការប្រទេសបានបន្ថែមថា: នៅក្នុងកំឡុងពេលទស្សនកិច្ចនៅរដ្ឋធានី ហ្សាកាតា សម្ដេចមហាបវរធិបតីបណ្ឌិត ហ៊ុន ម៉ាណែត និងចូលរួមសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ ។ សម្ដេចមហាបវរធិបតីបណ្ឌិត នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយ សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកសំខាន់ៗមួយចំនួនផងដែរ៕