(ភ្នំពេញ)៖ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការចុះបង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយប្រេងម៉ាស៊ីន ម៉ាក TOTAL និងTRA CHANG ក្លែងក្លាយ នៅទីតាំងឃ្លាំងគ្មានលេខ ផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ពាក់ព័ន្ធករណី កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាកTOTAL និង TRA CHANG ក្លែងក្លាយ សមត្ថកិច្ចបានរកឃើញនូវសម្ភារៈបំរើឲ្យការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជាសំបកពុយ សំបកធុង សំបកកេស សំបកដប តែមប្រិ៍ ស្ទ័គឃ័រ រួមនឹងឧបករណ៍សម្រាប់ច្រក ចំនួន០២ ព្រមទាំងប្រេងម៉ាស៊ីនច្រករួចប្រមាណជិត ៣០០កេស ដែលសរុបទាំងអស់ប្រមាណ ជាង១២តោន ។
ក្រោយពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចអោយសមត្ថកិច្ច ធ្វើការដកហូតសម្ភារទាំងអស់ខាងលើ ដោយរក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារៈនៃទីតាំងខាងលើ និងបិទផ្លំបេរ ផ្អាកដំណើរការទីតាំងជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត។ ចំពោះម្ចាស់ទីតាំង ០២រូប (ស្រី១ ប្រុស១) ត្រូវបានអញ្ជើញទៅបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។
ប្រតិបត្តិការនេះដែរ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុម Tilleke & Gibbins (Cambodia) Ltd. ដែលជាក្រុមហ៊ុនតំណាងឲ្យក្រុមហ៊ុន(TotalEnergies), និងបន្ទាប់ពីការស៊ើបអង្កេត ស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលប្រហែល ០២ខែកន្លងមកហើយផងដែរ៕