រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចយកកោះជាច្រើនស្ថិតនៅលើដែនសមុទ្រខេត្តព្រះសីហនុ និងខេត្តកោះកុង ដូចជាកោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ ដោយមានផ្ទៃសរុប៥២.៤៤៨ហិកតា បង្កើតជាឧទ្យានសមុទ្រកោះរ៉ុង ដើម្បីធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ និងជីវៈចម្រុះ។
យោងតាមអនុក្រឹត្យ ដែលសារព័ត៌មានទទួលបាន នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ការដែលរាជរដ្ឋាភិបាលសម្រេចចេញអនុក្រឹត្យបង្កើតជាឧទ្យាជាតិសមុទ្រកោះរ៉ុងនេះឡើង គឺមាន គោលបំណងធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ លើកោះ និងបរិវេណសមុទ្រជុំវិញ, ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព, រក្សាលំនឹងបរិស្ថាន ការពារនិងការអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ, និងលើកកម្ពស់គ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។
តាមអនុក្រឹត្យ រាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងឧទ្យានជាតិសមុទ្យកោះរ៉ុង ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ និង ខេត្តកោះកុង ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។ ជាមួយគ្នានោះ ក្រសួងបរិស្ថានត្រូវកំណត់ និងបែងចែក ដើម្បីការកាត់ឆ្វៀលផ្ទៃដីនិវិយោគ ដីលំនៅដ្ឋាន ដីស្រែ-ចំការ និងដីអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅលើកោះនាៗ នៃឧទ្យានជាតិសមុទ្រកោះរ៉ុង ដោយអនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិផងដែរ។
ទាក់ទងនឹងការបង្កើតឧទ្យាជាតិសមុទ្រកោះរ៉ុងនេះ រាជរដ្ឋាភិបាលក៏បានណែនាំឲ្យរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋមន្រ្តីគ្រប់ក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តន៍អនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីចុះហត្ថលេខា តទៅផងដែរ៕