ព័ត៌មានជាតិ

ហ្គេមបាញ់ត្រីខ្នាតយក្ស នៅក្នុងផ្សារទំនើបបឹងត្របែកផ្លាហ្សា កំពុងពង្វក់ស្មារតីយុវជន រីឯអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន បានត្រឹមតែចុះទៅធ្វើកិច្ចសន្យា មួយលើកជាពីរលើក ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព…!

(ភ្នំពេញ)៖ ល្បែង​ស៊ីសង​ខុសច្បាប់តាមអនឡាញជាច្រើនប្រភេទ និងទូហ្គេមបាញ់ត្រីខ្នាតយក្ស លំដាប់កាស៊ីណូ កំពុងបើកលេងយ៉ាងគឃ្លើន​ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ហ៊ានផ្គើន​បទបញ្ជា​សម្ដេច​តេជោ​ ហ៊ុន សែន​ ព្រមទាំងផ្គើនស្មារតីអង្គប្រជុំរបស់គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យដឹងថា: ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញ ប្រៀបបានកាស៊ីណូនេះ មាន”ជនជាតិចិន”ជាថៅកែ ហើយគេសង្ស័យថា: មានអ្នកធំឬអ្នកមានអំណាចនៅពីក្រោយខ្នងទើបទីតាំងនេះដំណើរការបានយ៉ាងគឃ្លើន! ព្រោះមិនឃើញអាជ្ញាធរមូលដ្ឋាន ក៌ដូចសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅបង្ក្រាបនោះទេ! គេឃើញតែអ្នកញៀនល្បែងចូលទៅលេង យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ យ៉ាងអនាធិបតេយ្យបំផុត។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានត្អូញត្អែរនិងរៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា: រាល់ថ្ងៃពួកគាត់មានការព្រួយបារម្ភ ភ័យខ្លាច ចំពោះបញ្ហាកូនៗរបស់ពួកគាត់ដែលនៅក្នុងវ័យសិក្សា ខ្លាចពួកគេបែរជាលង់និងល្បែងហ្គេមទាំងនេះភ្លេចការសិក្សា បណ្ដាលឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។ ម្យ៉ាងទៀតបារម្ភអំពីភាពអសន្តិសុខនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ ព្រោះថាល្បែងជាដើមចមឲ្យកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាពិសេសអំពើហិង្សាជាដើម។ល។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងមហាជនទូទៅ សុំអំពាវនាវយ៉ាងទទូចទៅដល់លោក គៀង លក័ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមនចាត់វិធានការទៅលើទីតាំងល្បែងហ្គេមបាញ់ត្រីនៅក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ដោយគ្មានការលើកលែង ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនាពេលកន្លងមក។

👉គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន!។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់ បុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕

ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥

nph

Leave a Reply

Your email address will not be published. Required fields are marked *