(កំពង់ចាម)៖ កាលពីនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣, មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបប្រាក់) ចំនួន០២ករណី នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៧A នៅក្នុងភូមិស្លែង ឃុំជ្រៃវៀន ១ករណី, និងក្នុងភូមិតាកុច ឃុំស្រង៉ែ ០១ករណីទៀត, ស្ថិតក្នុងភូមិសាស្រ្តស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ក្រោយពេលកេីតហេតុ និងទទួលបានបណ្តឹងពីប្រជាពលរដ្ឋ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវបន្ទាន់ រហូតមានការបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាធ្វើសកម្មភាពបានចំនួន០២នាក់ រួមទាំងវត្ថុតាង÷
១-ឈ្មោះ រ៉េត សារីម ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកបាទី ខេត្តតាកែវ បច្ចប្បន្នស្នាក់នៅភូមិអូឌឹម សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ អាត សំអន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ផ្អែកតាមការបំភ្លឺពីជនសង្ស័យទាំងពីរខាងលេី នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបន្ដនីតិវិធីចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាចំនួន ០៣នាក់ផ្សេងទៀត រួមទាំងវត្ថុតាង÷
១-ឈ្មោះ ពឿន ពុទ្ធី ហៅ ធី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូដឹម សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
២-ឈ្មោះ វីរៈ វិទូ ហៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
៣-ឈ្មោះ រី ឧត្តម ហៅ រ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕