ខេត្តកំពង់ចាម)៖ ល្បីទៀតហើយ ទីតាំងល្បែងសុីសងខុសច្បាប់ «ភ្នាល់មាន់ជល់តាមអនឡាញ» ជាច្រើនកន្លែង
ស្ថិតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យ! រីឯអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អសមត្ថភាពក្នុងការបង្រ្កាប។
តាមប្រភពព័ត៌មាន រាយការណ៍ប្រាប់ថា: នៅក្នុងមូលដ្ឋានឃុំជ្រៃវៀន ស្រុកព្រៃឈរ មានទីតាំងល្បែងស៊ីសងខុសច្បាប់ «ភ្នាល់មាន់ជល់តាមអនឡាញ» ជាច្រើនកន្លែង កំពុងតែបើកដំណេីរលេងយ៉ាងគគ្រឹកគគ្រេង! រីឯ អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ប្រហែលគិតថា: បទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន សាបរលាបហើយមើលទៅ?
គួររំលឹកផងដែរថា: តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ សម្តេចតេជោ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ថា សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចអាជ្ញាធរមូលដ្ឋាន ត្រូវបង្ក្រាបឱ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយថែមបញ្ជាក់ទៀតថា: បើខេត្ត/ក្រុង/ស្រុក ណាមានល្បែងសុីសងកើតមាន ចៅហ្វាយខេត្ត/ក្រុង/ស្រុក នោះនឹងត្រូវប្រឈមនឹងការដកពីតំណែងថែមទៀតផង។
ជាក់ស្តែង ករណីល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ តាមអនឡាញ ក្នុងមូលដ្ឋានឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានធើ្វឲ្យពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង! ដោយពលរដ្ឋលើកឡើងថា: ពួកគាត់មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្មដូចជា លួច ឆក់ ប្លន់ និងបទល្មើសផ្សេងៗជាច្រើនទៀត ជាពិសេស អំពើហិង្សា ជាដើម។ល។
យ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៍ដូចមហាជនទូទៅ សូមស្នើដល់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជាពិសេសលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជួយចាត់វិធានការបង្រ្កាបទីតាំងល្បែងសុីសង ខុសច្បាប់ ស្ថិតក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោលកម្ម ក៏ដូចបទល្មើសផ្សេងៗជាច្រើនទៀត ដែលកើតចេញអំពីល្បែងស៊ីសងនៅក្នុងមូលដ្ឋាន។
អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕
ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខ. ០៩៧ ២២២ ៤០១ ៥ / ០៩៨ ២២៧ ២៩៥