ភ្នំពេញៈ ដោយសារផលចំនេញខ្លាំងពីវិស័យ បូមខ្សាច់ និងដឹកខ្សាច់លក់ ក្នុងទឹកដីក្រុងដូនពេញ ខណ្ឌឬស្សីកែវ សង្កាត់ស្វាយប៉ាក់ ជាហេតុធ្វើអោយច្បាប់ផ្លូវសារធារណៈ អនុក្រឹត្យណែនាំរបស់រដ្ឋាភិបាល និងផលប៉ះពាល់ដល់សាធារណៈជាននៅតាមដងផ្លូវ មិនត្រូវបានយកមកអនុវត្តន៍ ឬអនុវត្តន៍ដូចវែកចក បើនិយាយឱ្យស្រួលស្តាប់ គឺ១ថ្ងៃកាត់ ១ថ្ងៃកោរ ចាប់តាំងពីអភិបាលខណ្ឌថ្មី ឯក ឃុនដឿន ឡើងកាន់តំណែងមកម្លេះ។
ការពីពេលថ្មីៗនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានការព្រួយបារម្មណ៍ជាខ្លាំង ព្រោះអាជីវកម្មបូម និងដឹកខ្សាច់លក់ មិនបានគោរពតាមវិធាន ណែនាំរបស់សាលាក្រុង ដែរធ្វើអោយជ្រុះខ្សាច់ រាយប៉ាយ ហុយទ្រលោម នៅលើផ្លូវជាតិលេខ៥។
យោងតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងផ្នែក វិស័យរ៉ែ និងថាមពល ត្រង់ចំនុច១.ការផ្តល់អាជ្ញាបណ្ណធនធានរ៉ែ ចំនុចក៣ បាននិយាយថាសម្រាប់ការបូមយកខ្សាច់ ដីល្បាប់ ឬគ្រួសតាមផ្លូវទឹក (ក្រឡាផ្ទៃមិនលើសពី ០១ហិកតាប្រើម៉ាស៊ីនបូមមិនលើសពី០២គ្រឿង ដែលមួយគ្រឿងៗមានកម្លាំងម៉ាស៊ីនមិនលើសពី ៣០សេះ ទុយោក្បាលបូមមានអង្កត់ផ្ចិតមិនលើសពី១០០មីលីម៉ែត្រ និងដឹកជញ្ជូនមិនលើសពី០៥ម៉ែត្រគូប)។
(https://phnompenh.gov.kh/public-services/mining-and-energy/)
ប៉ុន្តែនៅពេលដែរអាជីវកម្មដំណើរការជាក់ស្តែង បែរជា ឃើញមានរថយន្តដឹកសុទ្ធសឹងតែធំៗ ដឹករៀងរាល់ថ្ងៃទៅវិញ (អាចលើសពី១០ម៉ែត្រគូប) យូៗបានឃើញ រថយន្តដឹកខ្សាច់ខ្នាតត្រឹម៥ម៉ែត្រគូបម្តង។ យ៉ាងណាម៊ិញ ការមើលរំលងសារាចរណែនាំរបស់សាលារាជធានីភ្នំពេញ វាហាក់បីដូចជាស្តែងឱ្យឃើញថា
អាជីវកម្មនៅក្នុងទឹកដីនេះពុំមានច្បាប់អនុញ្ញាតនោះទេ។
បើយើងនិយាយអំពីច្បាប់ផ្លូវថ្នល់វិញ ត្រង់មាត្រា៣៨ ហាមឃាត់រាល់សកម្មភាពបង្កអន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបង្កើតឩបសគ្គដល់សុវត្ថិភាពចរាចរណ៍ ចំនុច២.១ សរសេរថា ការធ្វើផ្ទៃថ្នល់រអិល ត្រូវបានហាមឃាត់។ ចំនែកសកម្មភាព ដឹកខ្សាច់នេះ ខ្លះគ្រប ខ្លះមិនគ្រប ប៉ុន្តែបើគ្របវិញដាក់សុទ្ធតែហៀរទ្រង់ឡាន ចំនែកនៅមុខការដ្ឋានវិញ ផ្លូវជាតិសុទ្ធតែខ្សាច់ និងទឹក តើនេះខុសច្បាប់ឬទេ?
យោងតាមមាត្រា៦ នៃអនុក្រឹត្យរបស់រដ្ឋាភិបាលកាលពីខែកញ្ញា ឆ្នាំ២០១៤ ស្ដីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានចែងថា បទល្មើស ឬភាពអនាធិបតេយ្យនៃការធ្វើអាជីវកម្មខ្សាច់កើតមាននៅក្នុងរាជធានីខេត្តណានោះ អភិបាលនៃគណៈអភិបាលរាជធានីខេត្តនោះ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខរាជរដ្ឋាភិបាល ប៉ុន្តែមិនដែលឃើញមានមន្ត្រីណាមួយត្រូវរដ្ឋាភិបាលពិន័យ ឬហៅមកសួរនាំពីការផ្ដល់ភ្លើងខៀវឲ្យក្រុមហ៊ុន ឬបុគ្គលឯកជនមានសិទ្ធិបូមខ្សាច់នៅមូលដ្ឋានរបស់ខ្លួននោះឡើយ។
នៅលើផ្លូវលំមួយខ្សែ ក្នុងភូមិលូ ច្រកចូលវិទ្យាល័យ ជាស៊ីមចំរើនរដ្ឋ យើងសង្កេតឃើញមាន មានអាជីវកម្មរ៉ែបូមខ្សាច់ចំនួន២កន្លែង ដែរប្រើប្រាស់រថយន្តដឹកខ្នាតធំ
ដឹងជ្រុះរាយប៉ាយ គ្រាប់ខ្សាច់ពេញ ផ្លូវ ធ្វើអោយប្រជាពលរដ្ឋ សិស្ស និងលោកគ្រូអ្នកគ្រូពិបាកក្នុងការធ្វើដំណើរជាខ្លាំង។
សូមបញ្ចាក់ថា កាលពីដើម ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅតាមច្រកចូលផ្លូវវិទ្យាល័យ បាននាំគ្នាសំណូមពរអោយលោកស្រីចៅសង្កាត់ជួយ ណែនាំ រហូតដល់មានការឃាត់រថយន្តពីប្រជាពលរដ្ឋដោយផ្ទាល់ ព្រោះលោកស្រីចៅសង្កាត់ថា គាត់គ្មានលទ្ធភាពណែនាំ ដល់អាជីវកម្មនោះទេ គេសុទ្ធតែខ្សែធំៗ។
រថយន្តដឹកខ្សាច់ទាំងនោះ ជ្រុះខ្សាច់រាយប៉ាយខ្លាំងណាស់ ហុយក៏ហុយ រអិលក៏រអិល អាណិតតែសិស្សទេ នាំគា្នជិះកង់ ជិះមូតូ ពេលចាប់ហ្វាំងម្តងៗរអិលរួល
ព្រោះលើថ្មមានគ្រាប់ខ្សាច់ ដូចគ្រាប់ឃ្លី។
សូមបញ្ជាក់ថា តាំងពីលោក ឯក ឃុនដឿន ឡើងកាន់តំណែងជាអភិបាលខណ្ឌឬស្សីកែវ ក្រោយពីលោកជាពិសី ប្រជាពលរដ្ឋសង្កេតឃើញថា ឡានដឹកខ្សាច់ធំៗ មានច្រើនជាងមុនទៀត។
ដោយឃើញជាក់ស្តែង ផ្លូវក៏កខ្វក់ បញ្ហាចាប់ហ្វាំងក៏រអិល មិនអាចគ្រប់គ្រងស្ថានភាពពេលធ្វើដំណើរបានជាពិសេស សិស្សានុសិស្សតូចៗ អាចបង្ករគ្រោះថ្នាក់ជាយក្សថាហេតុ ដូច្នេះ អង្គភាពសារព័ត៌មានសុំសំណូមពរ ដល់លោកឃួង ស្រេង អភិបាល នៃគណអភិបាលក្រុងភ្នំពេញ ជួយដោះស្រាយតាមការគួរ។