(បន្ទាយមានជ័យ)៖ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលយោធាសន្តិសុខឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ របស់វរសេនាតូចថ្មើរជើងលេខ៥១៤ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើរលេខ៥១ បានថ្លែងការកោតសរសើរដល់កម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ ដែលកន្លងមកបានខិតខំប្រឹងប្រែង សម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន រួមមាន៖ការចុះជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយពីគ្រោះធម្មជាតិផ្សេងៗ រហូតមានការសរសើរមិនដាច់ពីមាត់ ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ។ទន្ទឹមហ្នឹងនេះដែរអង្គភាពក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺលូវីដ–១៩ តាមបទបញ្ជាថ្នាក់លើ ចាក់ជូនកងទ័ព គ្រួសារកងទ័ព អតីយុទ្ធជន និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រទទួលបានលទ្ធផលគួជាទីមោទនៈ ។
ដោយឈរលើផែនការការងារ កសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ របស់កងពលតូចថ្មលរជើងលេខ៥១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានសំណូមពរដល់មេបញ្ជាការ មេបញ្ជាររង នាយ –ពលទាហាន វរសេនាតូចថ្មើរជើងលេខ៥១៤ សម្រាប់ទិសដៅបន្តឆ្នាំ២០២២ បន្តធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព មានផ្ទះបាយរួម មានម្ហូបអាហារហូបគ្រប់គ្រាន់ ត្រៀមកម្លាំងជាប់ជាប្រចាំតាមបទបញ្ជា និងចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលផ្ទះ ជួយប្រមូលផលប្រជាពលរដ្ឋ ចូលរួមភូមិ ឃុំ មានសុវត្ថិភាព និងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ។ល។
ទន្ទឹមនោះដែរលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានធ្វើការផ្តាំផ្ញើរយោធិន ក្នុងវរសេនាតូចថ្មើរជើងលេខ៥១៤ ឱ្យបង្កើនការផ្សព្វផ្សាយនិងអនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់ សម្ដេចតេជោ ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ–១៩ កុំឱ្យមានការឆ្លងរាលដាលចូលក្នុង ទីតាំងបន្ទាយ សហគមន៍ក៏ដូចជាភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ។
ជំនួសមុខឲ្យ ថ្នាក់ដឹកនាំ នាយ–ពលទាហាន កងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ មានជំនឿយ៉ាងមុតមាំថា នាយ –ពលទាហានទាំងអស់ នឹងបន្តខិតខំបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូនកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួលជោគជ័យជូនថ្នាក់លើ។
ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ ក៏បានអញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់ នាយ–ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងបានឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀលផងដែរ៕